Monday, August 18, 2014

​វង្ស ណ​យ ប្រកាស​ឈប់​ប្រដាល់​

​គ្រាន់​តែ​ឈ្នះ​កីឡាករ ឡៅ ស៊ី​ណាត ក្នុងជំនួប​សងសឹក និង​ដណ្ដើមពាន​គូ​ប៊ូ​តា កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​សីហា ភ្លាម កីឡាករ​ជើង​ខ្លាំង វង្ស ណ​យ បានប្រកាស​លាឈប់​ពី​អាជីព​ប្រដាល់​តែម្ដង​ដោយ​គ្មាន​ការកែប្រែ​។ លោក​អះអាង​ថា ការសម្រេចចិត្ត​នេះ​មិន​ងាកក្រោយ​ទេ ដើម្បី​អនាគត​ខ្លួន និង​កូន​ប្រពន្ធ ។​
​ជំនួប​ដោយផ្ទាល់​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រដាល់​ឈ្នះ​ជើង​ខ្លាំង ឡៅ ស៊ី​ណាត កីឡាករ វង្ស ណ​យ បាន​បញ្ជាក់​ប្រាប់​VOD​ដោយ​មុតមាំ​ថា គេ​លាឈប់​ការ​ប្រដាល់​ហើយ ដោយ​បាន​ទាំង​អះអាងថា ការ​ប្រដាល់​ជាមួយ​កីឡាករ ឡៅ ស៊ី​ណាត ដែល​ទើបនឹង​សងសឹក​បាន​ក្ដៅៗ ជាការ​ប្រដាល់​លើក​ចុងក្រោយ​របស់​ខ្លួន​ទៀតផង​។ លោក​ថា ការសម្រេចចិត្ត​នេះ​គឺ​ដើម្បី​ប្រពន្ធ​កូន និង​ដើម្បី​ស្វែងរក​ផ្លូវ​មួយ​សម្រាប់​ជីវិត​ដែល​ប្រសើរ​ជាង​ការ​ប្រដាល់​។ លោក​និយាយថា លោក​សប្បាយចិត្ត​ណាស់ ដែល​ការ​ប្រដាល់​បិទ​អាជីព​របស់​លោក បានឈ្នះ ឡៅ ស៊ី​ណាត  ក្នុង​ទឹក​ទី​១ ដើម្បី​ទុកជា​ស្នាដៃ​មុន​បាត់​មុខ ។​
​ជ័យជំនះ​របស់ វង្ស ណ​យ បានបញ្ចប់​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​យ៉ាងច្រើន​កុះករ ទាំង​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ដោយផ្ទាល់ និង​តាម​កញ្ចក់​ទូរទស្សន៍​។ លោក​ធ្វើឲ្យ​អ្នកគាំទ្រ​ជក់ចិត្ត​យ៉ាងខ្លាំង ជាពិសេស​ការ​វាយ​កែង ដើម្បី​បំបាក់​កីឡាករ​ជើងចាស់ ឡៅ ស៊ី​ណាត ឲ្យ​រាប់ដល់​១០ ដោយ​គ្មាន​ការតវ៉ា​។​
​តាំងពី​ចាប់ផ្ដើម​ល្បី​ឈ្មោះ​រៀងខ្លួន អ្នក​ទាំង​ពីរ​ប៉ះគ្នា​៤​លើក​រួចមកហើយ សរុប​ទាំង​លើកចុងក្រោយ​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ផង ដោយ​២​លើក វង្ស ណ​យ សន្លប់ និង​២​លើក ឡៅ ស៊ី​ណាត សន្លប់​។ លទ្ធផល​ចុងក្រោយ បង្ហាញថា លោក​សងសឹក ឡៅ ស៊ី​ណាត បាន និង​ជា​ម្ចាស់​ពាន​កិត្តិយស​របស់​ក្រុមហ៊ុន​គូ​ប៊ូ​តា​ដែល​ជា​ការចង់បាន​លើកចុងក្រោយ​។


វង្ស ណយ ពេល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​VOD (រូបភាព៖ វង្ស សុ​ម៉ា​លីន)

​កីឡាករ វង្ស ណ​យ ​បញ្ជាក់​នៅ​ក្រោយ​ប្រកួត​ឈ្នះ​ឡៅ ស៊ី​ណាត ថា លោក​មិន​ប្ដូរ​ជំហរ​ងាក​មក​បន្ត​ការ​ប្រដាល់​ទៀត​ទេ បើទោះជា​លោក​បាន​ឈ្នះ ឡៅ ស៊ី​ណាត ដែល​ធ្វើឲ្យ​លោក​មាន​កម្លាំងចិត្ត​ខ្លាំង​ជាង​មុន​។ កីឡាករ​ជើង​ខ្លាំង​វ័យ​២៨​ឆ្នាំ​រូប​នេះ​និយាយថា «​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​ប្រកួត​ជាមួយ​កីឡាករ ឡៅ ស៊ី​ណាត គឺជា​ការប្រកួត​លើកចុងក្រោយ ព្រោះ​ខ្ញុំ​សន្យា​ជាមួយ​ប្រពន្ធ​ខ្ញុំ និង​កូន​ខ្ញុំ​ច្បាស់​ហើយ​»​។ 
​លោក​ប្រាប់​ថា​ឆ្អែតឆ្អន់​ចំពោះ​ការ​ប្រដាល់ ដែល​ទោះ​ជា​បាន​ល្បីឈ្មោះ ក៏​បាន​ត្រឹម​ល្អមើល ហើយ​ធាតុ​ពិត​រកប្រាក់​សឹងតែ​បង់ថ្លៃ​ផ្ទះ និង​ចិញ្ចឹម​កូនប្រុស​មួយ​មិន​រស់​។ ប្រសិន​បើ​លោក​នៅតែ​បន្ត​អាជីព​ប្រដាល់ លោក​អះអាង​ថា ប្រហែលជា​គ្មាន​អនាគត​នោះ​ទេ ពិសេស​នៅ​ពេល​ណាមួយ​ភ្លាត់​ឲ្យមាន​របួស​ធ្វើការ​លែងកើត ដូច​កីឡាករ បឺត ខាំ ដែល​ពេល​នេះ​សូម្បី​តែ​ធ្វើការ​ធ្ងន់​ក៏​មិន​បាន​នោះ «​ក្រោយពី​ការប្រកាស​នេះ ខ្ញុំ​នឹង​ឈប់​ប្រដាល់ ទោះជា​វ៉ៃ​ម្ដង​បាន​ប៉ុន្មាន​ក៏​ដោយ​ក៏​ខ្ញុំ​មិន​អាច​បន្ត​ការ​ប្រដាល់​ទៀត​ដែរ ព្រោះ​ខ្ញុំ​មើលឃើញថា បើ​កាន់តែ​ចាស់​បន្តិចទៀត នឹង​ហួសពេល​ស្វែងរក​អនាគត​សម្រាប់​ខ្ញុំ និង​កូន​ខ្ញុំ​»​។
​ការប្រកាស​របស់​លោក​បាន​ធ្វើឲ្យ​មហាជន​ភាគច្រើន​ស្លុតចិត្ត ខណៈ​ដែល​អ្នកគាំទ្រ​ទាំងនេះ បាន​ទទូច​លោក​ប្ដូរ​ជំហរ ប៉ុន្តែ​លោក​ថា​ហួសពេល​។ កីឡាករ​ដែល​មាន​កូន​ប្រុស​វ័យ​ជាង​កន្លះ​ឆ្នាំ​រូប​នេះ​បន្តថា ការ​ប្រដាល់​បាន​ផ្ដល់​កិត្តិយស​ឲ្យ​លោកតែ​ក្នុងពេលឈ្នះ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចាញ់​នោះ​សំឡេង​ត្មិះ​ដៀល និង​ការប្រមាថ​នឹង​ឮ​ណែន​ត្រចៀក ដោយ​អ្នក​ទាំងនោះ​មិន​បាន​វិភាគ​ថា ហេតុអ្វី​បាន​កីឡាករ​ខ្លាំង​ម្នាក់​កម្លាំង​មិន​ដល់​គេ​នោះទេ​។​
លោក​មិន​បញ្ជាក់ថា អ្វី​ជា​គោលដៅ​បន្ត ក្រោយ​ការលាឈប់​នោះទេ ខណៈ​ដែល​លោក​គ្រាន់តែ​ព្រលយ​ថា រៀបចំ​គម្រោង​ច្បាស់​ហើយ ជំនួស​ឲ្យ​ការសម្រេចចិត្ត​នេះ ។ វង្ស ណ​យ ផ្ញើ​សារ​ចុងក្រោយ​ថា «​ខ្ញុំ​ប្រដាល់​ប្រមាណ​១០​ឆ្នាំនេះ ខ្ញុំ​ចង់​ប្រាប់ថា​អត់​មាន​សល់​អ្វី​ក្រៅពី​សំបកខ្លួន​នោះទេ ទើប​ខ្ញុំ​សម្រេចចិត្ត​ដើរចេញ ហើយ​បើ​គ្មាន​ការទទូច អង្វរ​ទេ ប្រហែល​ជា​ខ្ញុំ​ត្រូវ​ដើរ​ចេញ​តាំងពី​មុន​ប្រកួត​ជាមួយ ឡៅ ស៊ី​ណាត​នោះ​ទៅទៀត​!» ។​
​មកដល់ពេលនេះ លោក​កាន់​ខ្សែក្រវាត់​ពិភពលោក​២​មកពី​ប្រទេស​បារាំង និង​ពាន​មួយ​ដែល​ទើប​ដណ្ដើមបាន​។ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​មិន​លើក​ទូរស័ព្ទ​ឆ្លើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ ប៉ុន្តែ​កន្លងមក​លោក​បាន​បញ្ជាក់​ថា សហព័ន្ធ​គ្មាន​សិទ្ធិ​បង្ខំ​កីឡាករ​ណា​ម្នាក់​នោះទេ ហើយ​សហព័ន្ធ​ក៏​មិន​មាន​លទ្ធភាព​ផ្ដល់​តម្លៃ​ខ្លួន​ឲ្យ​កីឡាក​រល្បីដូចគ្នា​នឹង​កីឡាករ​បរទេស​បានទេ​៕
                                                                  kh-hotnews.blogspot.com

Sunday, August 17, 2014

​ការប្រឡង​បាក់​ឌុប​លើក​ទី​២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែតុលា​​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កន្លងមក (រូបពី៖ ACU)
​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឲ្យដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លើក​ទី​២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ខាង​មុខ​នេះ​។​
​រដ្ឋ​មន្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន​ណារ៉ុន ប្រាប់​VOD​ឲ្យដឹងថា ក្រោយ​កិច្ចប្រជុំ និង​ការបញ្ចប់​កំណែ​វិញ្ញាសានៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា​នេះ  ក្រសួង បានសម្រេច​កំណត់ រៀបចំ​ការប្រឡង​លើក​ទី​២​នៅ ថ្ងៃទី​១៣ ខែ​តុលា​នេះ ដោយ​មាន​បញ្ចូល​នូវ​វគ្គ​បំប៉ន​រយៈពេល​ខ្លី​ឥតគិតថ្លៃ ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់ មិន​ជាប់​មធ្យមភាគ ទៅតាម​មុខវិជ្ជា​នី​មួយៗ​។
​លោក​បន្តថា ការប្រឡង​លើក​ទី​២​នេះ ក្រសួង នឹង​ផ្តល់​សិទ្ធិ​ប្រឡង​ចំពោះ​សិស្ស ដែល​មិន​ទទួលបាន​មធ្យមភាគ​ជាប់​តាម​ការកំណត់​របស់​ក្រសួង​ប៉ុណ្ណោះ ចំណែក​សិស្ស ដែល​អវត្តមាន អ្នក​ដែល​គេ​ប្រឡង​ជំនួស និង​អ្នក​បាន​ប្រព្រឹត្ត​មិន​សមរម្យ​លើ​អ្នក​ឃ្លាំមើល គឺ​មិន​ត្រូវបាន​អនុញ្ញាត ឲ្យចូល​រួម​ប្រឡង​ជា​លើក​ទី​២​ឡើយ​។​
​លោក អះអាង​ដែរ​ថា ការអនុញ្ញាត​ឲ្យមាន​កា​រប្រ​ឡង​លើក​ទី​២​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ចំពោះ​សិស្សានុសិស្ស​ដែល​មិន​ចម្លង​ពេល​ប្រឡង ស្រប​តាម​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​អប់រំ ដែល​លោក បាន​រៀបចំ​ឡើង ដោយ​រំពឹងថា សិស្សានុសិស្ស នឹង​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​លើ​ការសិក្សា​បន្ថែម​ទៀត​។
​លោក ហង់ ជួន​ណារ៉ុន បញ្ជាក់ថា បើទោះបីជា​កំណែ​វិញ្ញាសា បានបញ្ចប់ តែ​សំណៅ​ទាំងនោះ មិន​ត្រូវបាន​បញ្ចូល​ជា​ទិន្នន័យ ដើម្បី​កំណត់​ពី​ចំនួន​នៃ​អ្នក​ធ្លាក់​នៅ​ឡើយ​ទេ ហេតុដូចនេះ លោក​បដិសេធ​បង្ហាញ​ជា​ផ្លូវការ​ចំពោះ​ភាគរយ​នៃ​អ្នក​ដែល​ប្រឡង​ធ្លាក់ និង​អ្នក​ប្រឡង​ជាប់​។​
​យ៉ាងណាក៏ដោយ បើ​តាម​ការ​ឲ្យដឹងពី លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​លទ្ធផល​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាប​ត្រ​ ទុតិយភូមិ​គិត​មក​ទល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ គឺ​មាន​សិស្ស​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ពិន្ទុ​ជាប់​ក្នុង​មធ្យមភាគ​។​

2013-2014
72.14
2004-2005
77.6
2005-2006
72.76
2006-2007
70.7
2007-2008
77.79
2008-2009
81.9
2009-2010
82.88
2010-2011
86.48
2011-2012
86.77
2012-2013
30
2013-2014
Source: ក្រសួងអប់រំ យុវជន និងកីឡា Get the data

​គួរបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ន​៩៣៤៥៦​នាក់ និង​មណ្ឌល​ប្រឡង​ចំនួន​១៥៤​មណ្ឌល ដែល​ចែកចេញ​ជា​៣៧៧៩​បន្ទប់ នៅ​ទូទាំង​រាជធានី​-​ខេត្ត​។​
​ការប្រកាស​លទ្ធផល​នៃ​ការប្រឡង នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​មណ្ឌល​ប្រឡង​នី​មួយៗ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃទី​៣០​ខែ​សីហា នៅ​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​៕
                                                          kh-hotnews.blogspot.com